កាលពីពេលថ្មីៗនេះ កូនស្រីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺអ្នកស្រី Ivanka Trump បានទទួលរងការរិះគន់យ៉ាងខ្លាំង នៅក្នុងសហរដ្ឋអាមេរិក ដោយសារតែ ការពាក់ព័ន្ធនៅក្នុងអធិបតីភាពរបស់ឪពុកនាង ប៉ុន្តែនៅក្នុងប្រទេសចិនវិញ អ្នកស្រីត្រូវបានគេចាត់ទុកជាស្ត្រីដ៏ល្អឥតខ្ចោះម្នាក់។
បើយោងតាមសារព័ត៌មាន New York Times បានឲ្យដឹងថា អ្នកស្រី Ivanka ត្រូវបានគេគោរពស្រលាញ់យ៉ាងទូលំទូលាយ នៅក្នុងប្រទេសចិន រហូតដល់គេប្រសិទ្ធិនាមឲ្យថា «ទេពធីតា Yi Wan Ka (Ivanka) Trump» ទៀតផង ដោយសារតែគេកោតសរសើរចំពោះការអប់រំ ការធ្វើអាជីវកម្ម និង របៀបរស់នៅរបស់អ្នកស្រី។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេសចិន Xinhua បានពិពណ៌នា អ្នកស្រី Ivanka ថា មានរចនាបថប្រណីត និងសមសួន ខណៈមនុស្សជាច្រើនមើលឃើញអ្នកស្រីជាមេដឹកនាំ ដែលជានិមិត្តរូបនៃអំណាច និងមហិច្ឆតា។
ជាមួយគ្នានេះដែរ ស្ត្រីជាអ្នកផលិតកម្មវិធីទូរទស្សន៍ នៅក្នុងប្រទេសចិនម្នាក់ បាននិយាយពីអ្នកស្រី Ivanka ថា «នាងពិតជាមនុស្សឯករាជ្យខ្លាំងណាស់។ នាងជាអ្វីដែលយើងកំពុងចង់បាន... រៀបការចូលគ្រួសារសមរម្យមួយ មានសម្រស់ស្រស់ស្អាត ហើយថែមទាំងមានអាជីពផ្ទាល់ខ្លួនទៀត»៕
ប្រភព៖ Nexshark ប្រែសម្រួល៖ សេង ឡុង
0 comments: